Thursday, March 2, 2017
រឿងកំប្លែង មិនយល់គឺគ្រោះថ្នាក់
អ្នកឯកទេសក្រុមហ៊ុនទឹកក្រូចម្នាក់ត្រូវបានបញ្ជូនទៅប្រទេសចិន
ដើម្បីឃោសនាអំពីផលិតផលទឹកក្រូចរបស់ក្រុមហ៊ុន។
ប៉ុន្តែដោយមិនចេះភាសាចិន
អ្នកឯកទេសនោះប្រើរូបភាព៣ជំនួសឱ្យការសរសេរជាអក្សរ។
រូបភាពទី១នៅខាងឆ្វេងដៃ
គូរអំពីបុរសម្នាក់ដើរអូសជើងកណ្ដាលសមុទ្រខ្សាច់ក្ដៅស្ទើរស្លាប់
មើលទៅដូចជាមិនសល់កម្លាំងកំហែងក្នុងខ្លួន
និងកំពុងស្រេកទឹកយ៉ាងខ្លាំង។
រូបភាពទី២ គូររូបបុរសនោះផឹកទឹកក្រូចរបស់ក្រុមហ៊ុនខាងលើ។
ចំណែករូបភាពទី៣ នៅខាងស្ដាំបង្អស់ គូររូបបុរសនោះសើចក្អាកក្អាយ សប្បាយចិត្ត និងមានកម្លាំងកំហែងឡើងវិញ។
ន័យរបស់រូបភាពទាំង៣ចង់បង្ហាញថា ទោះជាកំពុងហេវហត់យ៉ាងណាក៏ដោយ
ឱ្យតែបានផឹកទឹកក្រូច របស់ក្រុមហ៊ុនខាងលើ
នឹងមានកម្លាំងឡើងវិញភ្លាមមួយរំពេច។
ទោះជាយ៉ាងណា មួយឆ្នាំក្រោយ
មិនត្រឹមតែមិនអាចបង្កើនការលក់ផលិតផលទឹកក្រូចរបស់ក្រុមហ៊ុនខាងលើ
ប៉ុណ្ណោះទេ គឺលក់លែងដាច់សោះតែម្ដង រហូតដល់អ្នកឯកទេសរូបនោះ
ត្រូវក្រុមហ៊ុនបណ្ដេញចេញពីការងារដោយសារតែធ្វើឱ្យក្រុមហ៊ុនខាតបង់
ច្រើនពេក។ មានមនុស្សមួយចំនួននឹកឆ្ងល់ ព្រោះបើពិនិត្យរូបភាពឃោសនា
សមតែទឹកក្រូចលក់ដាច់ណាស់ ចុះហេតុយ៉ាងម៉េចក្ស័យធន?
ឮដូច្នេះអ្នកឯកទេសដែលត្រូវបណ្ដេញពីការងារ និយាយយ៉ាងស្រងូតស្រងាត់ថា៖
មកពីខ្ញុំមិនយល់អ្វីសោះ។ ខ្ញុំមិនត្រឹមតែមិនចេះភាសាចិនប៉ុណ្ណោះទេ
ថែមទាំងមិនបានដឹងថា អក្សរចិនអានពីស្ដាំទៅឆ្វេងទៀតផង ហេតុនេះ
រូបភាពឃោសនារបស់ខ្ញុំ ក៏គេមើលពីស្ដាំទៅឆ្វេងដែរ
គឺគេមើលទៅអ្នកកំពុងសប្បាយមានកម្លាំងកំហែង
បន្ទាប់ពីផឹកទឹកក្រូចរបស់ក្រុមហ៊ុនខាងលើ
នឹងក្លាយជាអ្នកបាក់កម្លាំងរហូតដល់ដើរអូសជើង
ព្រោះហេវហត់ពេកលើកជើងលែងរួច៕
Subscribe to:
Post Comments
(
Atom
)

No comments :
Post a Comment